អ៊ុយក្រែន លើកទង់ជាតិរបស់ខ្លួនឡើងវិញ នៅទីក្រុង Kherson ក្រោយរុស្ស៊ី បញ្ចប់ការដកទ័ព

គៀវ៖ ទីក្រុងមូស្គូ បានឲ្យដឹងថា ខ្លួនបានបញ្ចប់ការដកខ្លួនចេញពីតំបន់ Kherson ដោយមិនបាត់បង់ទាហានម្នាក់ឡើយ ចំពេលមានរបាយការណ៍អំពីទាហាន រុស្ស៊ីបោះបង់ចោល ឯកសណ្ឋាន និងខ្លះលង់ទឹក ខណៈពួកគេព្យាយាមរត់គេចខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកព្រលឹម ប្រទេសរុស្ស៊ីបានឲ្យដឹងថា ការដកថយនៃកងកម្លាំងរបស់ខ្លួន ទៅកាន់ផ្នែកខាងកើត នៃទន្លេ Dnipro ត្រូវបានបញ្ចប់ពីរថ្ងៃ បន្ទាប់ពីទីក្រុងម៉ូស្គូ បានប្រកាសពីការផ្លាស់ប្តូរ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។

លោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី បានលើកឡើងថា “ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ។ យើងកំពុងស្ថិតក្នុងដំណើរការ នៃការយកតំបន់ Kherson មកវិញ។ រហូតមកដល់ពេលនេះ អ្នកការពាររបស់យើង នៅជាយក្រុង ប៉ុន្តែអង្គភាពពិសេស បានស្ថិតនៅក្នុងទីក្រុងរួចហើយ”។

លោក Serhiy Khlan សមាជិកក្រុមប្រឹក្សាតំបន់ របស់អ៊ុយក្រែន សម្រាប់តំបន់ Kherson បានឲ្យដឹងថា រដ្ឋធានីក្នុងតំបន់ Kherson ឥឡូវនេះស្ទើរតែស្ថិត នៅក្រោមការគ្រប់គ្រង របស់កងកម្លាំងអ៊ុយក្រែន ដោយមានទង់ជាតិអ៊ុយក្រែន ត្រូវបានលើកពីលើអគារ រដ្ឋបាលរបស់ខ្លួន ដោយជនស៊ីវិល។

លោកបានបន្ថែមថា ទាហានរុស្ស៊ីមួយចំនួនធំ បានលង់ទឹកក្នុងទន្លេ ដោយព្យាយាមរត់គេច ហើយអ្នកផ្សេងទៀតបានផ្លាស់ប្តូរទៅជាសម្លៀកបំពាក់ស៊ីវិលផងដែរ៕